នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ,លោក នុន គឹមសាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ រួមជាមួយមន្ទីរ អង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន បានអញ្ជើញចូលរួម កិច្ចប្រជុំដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធ នឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងផែនការសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័ន ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Zoom ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. និងមានការចូលរួមពី ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោក លោកស្រី តំណាងក្រសួង ស្ថាប័ន,ក្រុមការងារគណៈកម្មការអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ , អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីជំរុញឲ្យសម្រេចបានតាមផែនការសកម្មភាពរួមដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” (CAP4) ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕